បាត់ដំបង៖ នាព្រឹកថ្ងៃពុធ ១១កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្ត, លោក ព្រំឈឹម ធនុ អនុប្រធានមន្ទីរ ព្រមទាំងមន្ត្រី ០១រូប នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួម ពីតំណាងលោក លោកស្រីមន្ទីរ-អង្គភាព រដ្ឋបាលក្រុង-ស្រុក និងមានការធ្វើបទបង្ហាញដោយ លោក សុវណ្ណ វិទិត្យា ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង ស្ដីពីបទអន្តរាគមន៍ស្ដីពីតួនាទីក្រុមការងារសម្របសម្រួលព័ត៌មានក្នុងការទប់ស្កាត់ និងបន្សាបព័ត៌មានក្លែងក្លាយ ព្រមទាំងបញ្ជ្រាបនូវព័ត៌មានពិតអំពីសមិទ្ធផលអភិវឌ្ឍន៍នៅក្នុងខេត្ត ការលើកកម្ពស់កិត្យានុភាព និងកិត្តិយសថ្នាក់ដឹកនាំ។
ក្នុងនោះដែរ ឯកឧត្តម សុខ លូ បានក្រើនរំឭកដល់ថ្នាក់ដឹកនាំ ជាពិសេសអ្នកនាំពាក្យនៃមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងអង្គភាពកងកម្លាំងត្រូវតាមដានក្ដាប់ព័ត៌មាន និងពន្លឿនការឆ្លើយតបព័ត៌មានឱ្យបានលឿនរហ័សដោយយកព័ត៌មានពិតបន្សាបព័ត៌មានក្លែងក្លាយ។
ឯកឧត្តម សង្កត់ធ្ងន់ថា ព័ត៌មានក្លែងក្លាយ ឬព័ត៌មានបែបបំពុលសង្គមគ្មានប្រភពច្បាស់លាស់ តួយ៉ាងប្រភពពីក្រៅប្រទេសមួយចំនួនដែលមិនអាចទុកចិត្តបាន និងមានចរិតនយោបាយនិយមជ្រុល ឬព័ត៌មានដែលមានប្រភពពីMMO មួយចំនួនដែលប្រើបណ្តាញសង្គមសម្រាប់បង្កើតព័ត៌មានក្លែងក្លាយបង្កចលាចលទាញយកប្រយោជន៍ផ្ទាល់ខ្លួននោះ គឺពិតជាបង្កគ្រោះថ្នាក់ខ្លាំងណាស់ដល់សង្គមជាតិដែលទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវទប់ស្កាត់ឱ្យមានប្រសិទ្ធភាពបំផុត។
ឯកឧត្តម លើកឡើងបន្ថែមថា ស្ថានភាពព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្រ្តខេត្តបាត់ដំបងមានភាពស្មុគស្មាញ និងមានប្រវែងរហូតដល់ជាង១៤០គីឡូម៉ែត្រ ហើយជនខិលខូចមួយចំនួននៅតែបន្តសកម្មភាពរត់ពន្ធមនុស្ស និងទំនិញឆ្លងដែន។ ក្នុងន័យនេះ ឯកឧត្តមអភិបាលខេត្ត បានដាក់បទបញ្ជាឱ្យអាជ្ញាធរស្រុកជាប់ព្រំដែន កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ៕